យើងខ្ញុំ ជនជាតិខ្មែរក្រោម តំណាងដោយឧត្ដមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជាក្រោម (SNC-KK) ជនជាតិចាម្ប៍ តំណាងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍វប្បធម៌ និងសង្គមចម្ប៉ា (CSCD-Champa) និងបណ្ដាជនជាតិដេហ្គា* តំណាងដោយសភាប្រជាជនដែនដីម៉ុងតាញ៉ានៅឥណ្ឌូចិនខាងត្បូង (PMS) បានពិភាក្សា និងឯកភាពអនុម័តវិធានការនយោបាយ ដោយយោងទៅតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម ។ វិធានការនេះ ចាត់ការជាបន្ទាន់ដើម្បីការពារជនជាតិយើងខ្ញុំទាំងអស់ឲ្យរួចផុតពីហានិភ័យនៃការប្រល័យពូជសាសន៍ ដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្ត ។ ជាលទ្ធផល អង្គការដឹកនាំពហុជាតិមួយបានបង្កើតឡើង មានឈ្មោះថា « ក្រុមប្រឹក្សាជនជាតិដើមនៅទឹកដីដែលសព្វថ្ងៃជាប្រទេសវៀតណាម » (CIPTVN) ដោយមានភារកិច្ចជាក់ស្ដែង ប៉ុន្តែមិនមានដែនកំណត់ ដូចតទៅ ៖
ក្រុមប្រឹក្សាឯកភាព និងគាំទ្រការជួយជ្រោមជ្រែងឲ្យមានការអនុវត្តសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម នៅលើដែនដីមាតុភូមិរបស់ជនជាតិជាសមាធិរបស់ក្រុមប្រឹក្សា ។ ក្រុមប្រឹក្សាមិនត្រឹមតែទទួលស្គាល់ និងគាំទ្រគោលដៅ និងបំណងនយោបាយរបស់សមាជិក នៅថែមទាំងគាំទ្រសមាជិករបស់ខ្លួនឲ្យដណ្ដើមបានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង និងសិទ្ធិស្វ័យភាពរបស់ខ្លួន ។ ក្រុមប្រឹក្សាក៏គោរពនៅគោលដៅរបស់ជនជាតិខ្មែរក្រោម និងជនជាតិដេហ្គា ដែលចង់ផ្ដាច់ខ្លួនជារដ្ឋឯករាជ្យ ដែល ៖ កម្ពុជាក្រោមឲ្យទៅជនជាតិខ្មែរក្រោម និង រដ្ឋម៉ុងតាញ៉ានៅឥណ្ឌូចិនខាងត្បូងទៅឲ្យជនជាតិដេហ្គា ។ ក្នុងប្រវត្តិសាស្ត្រ ដែនដីទាំងបីនេះ ត្រូវបានពួកអាណានិគមយួនឈ្លានពាន និងកាន់កាប់ខុសច្បាប់ ៖ ចម្ប៉ា កាលពីឆ្នាំ១៨៣២ កម្ពុជាក្រោម កាលពីឆ្នាំ ១៩៤៩ និង រដ្ឋម៉ុងតាញ៉ា កាលពីឆ្នាំ១៩៥៤ ។ ជាមួយនឹងភារកិច្ច ក្រុមប្រឹក្សាមានសិទ្ធិចាំបាច់ក្នុង ៖
- សាមគ្គី ប្រមូលកម្លាំងទាំងមូលពីជនជាតិដើមជាសមាជិក ទាំង ៣០ ដែលកំពុងស្ថិតក្នុងដែនដីត្រូវធ្វើអាណានិគមដោយវៀតណាម អនុវត្តការងារដូចខាងក្រោម ៖
- តាមដានអង្គការសហប្រជាជាតិពីវឌ្ឍនភាពដែលទទួលបានទាក់ទងនឹងសំណើទាមទារដែលបានដាក់ជូនអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១០ នៅក្រុងហ្សឺណែវ ដោយគណៈប្រតិភូ ខ្មែរក្រោម ចាម និងដេហ្គា ក្នុងអង្គប្រជុំលើកទី៣ នៃយន្តការឯកទេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម
- សហប្រតិបត្តិការគ្រប់ប្រភពកម្លាំង និងការប្រឹងប្រែងដើម្បីឲ្យពិភពលោកយល់កាន់តែច្បាស់ពី «អយុត្តិធម៌» និងអំពើប្រល័យពូជសាសន៍ ដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តិលើជនជាតិដើមទាំង ៣០
- អប់រំប្រជាជនឲ្យយល់ពីសិទ្ធិស្របច្បាប់របស់ខ្លួន ដូចដែលបានចារក្នុងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម
- ទាមទារឡើងវិញនូវសិទ្ធស្វ័យសម្រេច និងភាពស្វ័ភាពរបស់យើងខ្ញុំដូចបានកំណត់
- ទាមទារឡើងវិញ នូវកម្មសិទ្ធិស្របច្បាប់ចំពោះទឹកដីដូនតា ដើម្បីជួយជនជាតិយើងខ្ញុំផុតពី របបអាណានិគមបែបថ្មីយួន ដែលពួកគេមានឧបាយកលយ៉ាងខ្មៅងងិត គឺចង់ប្រល័យពូជសាសន៍ ក៏ដូចជាវប្បធម៌ អក្សរសាស្ត្រ ភាសារបស់យើងខ្ញុំ (ដោយសំអាងលើមាត្រា៨ នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម)
- ទាមទារឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម អនុវត្តតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ដោយ ៖
- ទទួលស្គាល់យើងខ្ញុំជា «ជនជាតិដើម» ហើយចាប់ផ្ដើមអនុវត្តឲ្យបានពេញលេញនូវសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ដូចដែលបានកំណត់
- ដកមូលដ្ឋានទ័ពចេញផុតពីទឹកដីដូនតារបស់យើងខ្ញុំ រួមមាន ៖ កម្ពុជាក្រោម ចម្ប៉ា រដ្ឋម៉ុងតាញ៉ា ដូចបានកំណត់ក្នុងមាត្រា៣០
- បញ្ឈប់ការជីករ៉ែ ដូចជារ៉ែព្រេង ឧស្ម័នធម្មជាតិ បុកស៊ីត ដូចដែលបានចែងក្នុងមាត្រា៣២
- បញ្ឈប់ការកាប់ព្រៃឈើលើទឹកដីយើងខ្ញុំ ក៏ដូចជាការបំផ្លាញធម្មជាតិ សត្វព្រៃ (មាត្រា២៩)
- បញ្ឈប់ការបញ្ជូនជនជាតិយួនដោយខុសច្បាប់ចូលមកទឹកដីដែលបានឈ្លានពាន ក្នុងគោលបំណងយួនូបនីយកម្ម និង/ឬ ប្រល័យពូជសាសន៍លើយើងខ្ញុំ (មាត្រា៨)
- បញ្ឈប់ការប្រដិតរឿង មួលបង្កាច់ កាត់ទោសអយុត្តិធម៌ ចាប់ដាក់គុកដោយខុសច្បាប់ និងធ្វើភេរវកម្មលើជនជាតិយើងខ្ញុំ
- ម្ដងទៀត យើងខ្ញុំទទូចស្នើសុំអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជួយសង្គ្រោះជនជាតិយើងខ្ញុំឲ្យផុតពីគ្រោះផុតពូជ និងពិចារណាបញ្ចូលទឹកដីដែលកំពុងត្រូវឈ្លានពានរបស់យើងខ្ញុំចូលក្នុងបញ្ជី «ដែនដីត្រូវលុបបំបាត់អាណានិគម» ដើម្បីឲ្យជនជាតិយើងខ្ញុំនីមួយៗ បានរស់នៅសេរីភាពដូចមនុស្សម្នាឯទៀតក្នុងពិភពលោកស៊ីវិល័យនេះ ។
- ទទូចសុំអ្នកស្រឡាញ់យុត្តិធម៌ និងសន្តិភាពលើពិភពលោក សូមជួយជនជាតិយើងខ្ញុំទាំងឡាយ កុំឲ្យផុតពូជ ដែលគេមានគំរោងស្រេច មុនហួសពេលទៅ ។
ចុះនៅ Greensboro រដ្ឋ North Carolina សហរដ្ឋអាមេរិក ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2012
លោក ថាច់ តាន់តារ៉ា
ប្រធានឧត្ដមក្រុមប្រឹក្សាជាតិកម្ពុជាក្រោម
លោក Andrew Tu
ប្រធាន CSCD-Champa
លោក Rong Nay
ប្រធាន PMS
*បណ្ដាលជនជាតិ ដេហ្គា ឬហៅថា ម៉ុងតាញ៉ា មានសរុប 28 ជនជាតិគឺ ៖ Bahnar, Bru, Chrao, Chru, Cua, Gar, Halang, Hre, Hroi, Jarai, Jarai Hadrung, Jarai Puan, Jeh, Katu, Kayong, Koho, Ma, Mnong, Monom, Pakoh, Phuong, Rglai, Rhade, Rolom, Rongao, Sedang, Stieng, Tau-Oi.