សេចក្ដីថ្លែងការណ៍​រួម

យើងខ្ញុំ ជនជាតិ​ខ្មែរក្រោម តំណាង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជាក្រោម (SNC-KK) ជនជាតិ​ចាម្ប៍ តំណាង​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​វប្បធម៌ និង​សង្គម​ចម្ប៉ា (CSCD-Champa) និង​បណ្ដា​ជនជាតិ​ដេហ្គា* តំណាង​ដោយ​សភា​ប្រជាជន​ដែនដី​ម៉ុងតាញ៉ា​នៅ​ឥណ្ឌូចិន​ខាង​ត្បូង (PMS) បាន​ពិភាក្សា និង​ឯកភាព​អនុម័ត​វិធានការ​នយោបាយ​ ដោយ​យោងទៅតាម​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម ។ វិធានការ​នេះ ចាត់ការ​ជា​បន្ទាន់​ដើម្បី​ការពារ​ជនជាតិ​យើង​ខ្ញុំ​ទាំងអស់​ឲ្យ​រួចផុត​ពី​ហានិភ័យ​នៃ​ការ​ប្រល័យពូជសាសន៍ ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​អនុវត្ត ។ ជា​លទ្ធផល អង្គការ​ដឹក​នាំ​ពហុ​ជាតិ​មួយ​បាន​បង្កើត​ឡើង មាន​ឈ្មោះ​ថា « ក្រុមប្រឹក្សា​ជនជាតិ​ដើម​នៅ​ទឹកដី​ដែល​សព្វថ្ងៃ​ជា​ប្រទេស​វៀតណាម » (CIPTVN) ដោយ​មាន​ភារកិច្ច​ជាក់ស្ដែង ប៉ុន្តែ​មិន​មាន​ដែន​កំណត់ ដូច​តទៅ ៖

ក្រុមប្រឹក្សា​ឯកភាព និង​គាំទ្រ​ការ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ការ​អនុវត្ត​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម នៅ​លើ​ដែនដី​មាតុភូមិ​របស់​ជនជាតិ​ជា​សមាធិ​របស់​ក្រុមប្រឹក្សា ។ ក្រុមប្រឹក្សា​មិន​ត្រឹមតែ​ទទួលស្គាល់ និង​គាំទ្រ​គោលដៅ និង​បំណង​នយោបាយ​របស់​សមាជិក នៅ​ថែមទាំង​គាំទ្រ​សមាជិក​របស់​ខ្លួន​ឲ្យ​ដណ្ដើម​បាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង និង​សិទ្ធិ​ស្វ័យភាព​របស់​ខ្លួន ។ ក្រុមប្រឹក្សា​ក៏​គោរព​នៅ​គោលដៅ​របស់​ជនជាតិ​ខ្មែរក្រោម និង​ជនជាតិ​ដេហ្គា ដែល​ចង់​ផ្ដាច់​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ដែល ៖ កម្ពុជាក្រោម​ឲ្យ​ទៅ​ជនជាតិ​ខ្មែរក្រោម និង រដ្ឋ​ម៉ុងតាញ៉ា​នៅ​ឥណ្ឌូចិន​ខាង​ត្បូង​ទៅ​ឲ្យ​ជនជាតិ​ដេហ្គា ។ ក្នុង​ប្រវត្តិសាស្ត្រ ដែនដី​ទាំង​បី​នេះ ត្រូវ​បាន​ពួក​អាណានិគម​យួន​ឈ្លានពាន និង​កាន់កាប់​ខុសច្បាប់ ៖ ចម្ប៉ា កាល​ពី​ឆ្នាំ១៨៣២ កម្ពុជាក្រោម កាល​ពី​ឆ្នាំ ១៩៤៩ និង រដ្ឋ​ម៉ុងតាញ៉ា កាល​ពី​ឆ្នាំ១៩៥៤ ។ ជា​មួយ​នឹង​ភារកិច្ច ក្រុមប្រឹក្សា​មាន​សិទ្ធិ​ចាំបាច់​ក្នុង ៖

  1. សាមគ្គី ប្រមូល​កម្លាំង​ទាំងមូល​ពី​ជនជាតិ​ដើម​ជា​សមាជិក ទាំង ៣០ ដែល​កំពុង​ស្ថិត​ក្នុង​ដែនដី​ត្រូវ​ធ្វើ​អាណានិគម​ដោយ​វៀតណាម​ អនុវត្ត​ការងារ​ដូច​ខាង​ក្រោម ៖
  • តាមដាន​អង្គការសហប្រជាជាតិ​ពី​វឌ្ឍនភាព​ដែល​ទទួល​បាន​ទាក់ទង​នឹង​សំណើ​ទាមទារ​ដែល​បាន​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០១០ នៅ​ក្រុង​ហ្សឺណែវ ដោយ​គណៈប្រតិភូ ខ្មែរក្រោម ចាម និង​ដេហ្គា ក្នុង​អង្គ​ប្រជុំ​លើកទី៣ នៃ​យន្តការ​ឯកទេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម
  • សហប្រតិបត្តិការ​គ្រប់​ប្រភព​កម្លាំង និង​ការ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ពិភពលោក​យល់​កាន់​តែ​ច្បាស់​ពី «អយុត្តិធម៌» និង​អំពើ​ប្រល័យពូជសាសន៍ ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​អនុវត្តិ​លើ​ជនជាតិ​ដើម​ទាំង ៣០
  • អប់រំ​ប្រជាជន​ឲ្យ​យល់​ពី​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ដូច​ដែល​បាន​ចារ​ក្នុង​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម
  • ទាមទារ​ឡើងវិញ​នូវ​សិទ្ធ​ស្វ័យសម្រេច និង​ភាព​ស្វ័ភាព​របស់​យើង​ខ្ញុំ​ដូច​បាន​កំណត់
  • ទាមទារ​ឡើងវិញ នូវ​កម្មសិទ្ធិ​ស្របច្បាប់​ចំពោះ​ទឹកដី​ដូនតា ដើម្បី​ជួយ​ជនជាតិ​យើងខ្ញុំ​ផុត​ពី របប​អាណានិគម​បែប​ថ្មី​យួន ដែល​ពួក​គេ​មាន​ឧបាយកល​យ៉ាង​ខ្មៅ​ងងិត គឺ​ចង់​ប្រល័យពូជសាសន៍ ក៏​ដូច​ជា​វប្បធម៌ អក្សរសាស្ត្រ ភាសា​របស់​យើង​ខ្ញុំ (ដោយ​សំអាង​លើ​មាត្រា៨ នៃ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម)
  1. ទាមទារ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អនុវត្ត​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម ដោយ ៖
  • ទទួលស្គាល់​យើង​ខ្ញុំ​ជា «ជនជាតិ​ដើម» ហើយ​ចាប់ផ្ដើម​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម ដូច​ដែល​បាន​កំណត់
  • ដក​មូលដ្ឋានទ័ព​ចេញ​ផុត​ពី​ទឹកដី​ដូនតា​របស់​យើងខ្ញុំ រួម​មាន ៖ កម្ពុជាក្រោម ចម្ប៉ា រដ្ឋ​ម៉ុងតាញ៉ា ដូច​បាន​កំណត់​ក្នុង​មាត្រា៣០
  • បញ្ឈប់​ការ​ជីក​រ៉ែ ដូច​ជា​រ៉ែ​ព្រេង ឧស្ម័ន​ធម្មជាតិ បុកស៊ីត ដូច​ដែល​បាន​ចែង​ក្នុង​មាត្រា​៣២
  • បញ្ឈប់​ការ​កាប់​ព្រៃឈើ​លើ​ទឹកដី​យើងខ្ញុំ ក៏​ដូច​ជា​ការ​បំផ្លាញ​ធម្មជាតិ សត្វព្រៃ (មាត្រា២៩)
  • បញ្ឈប់​ការ​បញ្ជូន​ជនជាតិ​យួន​ដោយ​ខុស​ច្បាប់​ចូល​មក​ទឹកដី​ដែល​បាន​ឈ្លានពាន ក្នុង​គោលបំណង​យួនូបនីយកម្ម និង/ឬ ប្រល័យពូជសាសន៍​លើ​យើងខ្ញុំ (មាត្រា៨)
  • បញ្ឈប់​ការ​ប្រដិត​រឿង មួលបង្កាច់ កាត់ទោស​អយុត្តិធម៌ ចាប់​ដាក់គុក​ដោយ​ខុស​ច្បាប់ និង​ធ្វើ​ភេរវកម្ម​លើ​ជនជាតិ​យើងខ្ញុំ
  1. ម្ដង​ទៀត យើងខ្ញុំ​ទទូច​ស្នើសុំ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ជួយ​សង្គ្រោះ​ជនជាតិ​យើង​ខ្ញុំ​ឲ្យ​ផុត​ពី​គ្រោះ​ផុតពូជ និង​ពិចារណា​បញ្ចូល​ទឹកដី​ដែល​កំពុង​ត្រូវ​ឈ្លានពាន​របស់​យើង​ខ្ញុំ​ចូល​ក្នុង​បញ្ជី​ «ដែនដី​ត្រូវ​លុបបំបាត់​អាណានិគម» ដើម្បី​ឲ្យ​ជនជាតិ​យើង​ខ្ញុំ​នីមួយៗ បាន​រស់​នៅ​សេរីភាព​ដូច​មនុស្សម្នា​ឯទៀត​ក្នុង​ពិភពលោក​ស៊ីវិល័យ​នេះ ។
  1. ទទូច​សុំ​អ្នក​ស្រឡាញ់​យុត្តិធម៌ និង​សន្តិភាព​លើ​ពិភពលោក សូម​ជួយ​ជនជាតិ​យើង​ខ្ញុំ​ទាំងឡាយ កុំ​ឲ្យ​ផុតពូជ ដែល​គេ​មាន​គំរោង​ស្រេច មុន​ហួស​ពេល​ទៅ ។

ចុះនៅ Greensboro រដ្ឋ North Carolina សហរដ្ឋអាមេរិក ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2012

លោក ថាច់ តាន់តារ៉ា

ប្រធានឧត្ដមក្រុមប្រឹក្សាជាតិ​កម្ពុជាក្រោម

លោក Andrew Tu

ប្រធាន CSCD-Champa

លោក Rong Nay

ប្រធាន PMS

*បណ្ដាលជនជាតិ ដេហ្គា ឬហៅថា ម៉ុងតាញ៉ា មាន​សរុប 28 ជនជាតិ​គឺ ៖ Bahnar, Bru, Chrao, Chru, Cua, Gar, Halang, Hre, Hroi, Jarai, Jarai Hadrung, Jarai Puan, Jeh, Katu, Kayong, Koho, Ma, Mnong, Monom, Pakoh, Phuong, Rglai, Rhade, Rolom, Rongao, Sedang, Stieng, Tau-Oi.